រឿង​​ដែ​ល​​លោ​ក ខា​ត់ សា​រ៉ា​ត់ បើ​ក​ដៃ​ឲ្យ​​ក្មួយ​ប​ង្កើ​ត គំ​រា​ម​ទា​រ​លុយ​​ពី​​កូ​ន​ចៅ នៅ​​ច្រ​ក​អ​ន្តរ​ជា​តិ​​បា​វិត មា​ន​​លិ​ខិ​ត​​ប្តឹ​ង ទៅ​​ស​ម្តេច​​តេ​​ជោ 
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 2  ខែOctober ឆ្នាំ2017   ម៉ោង 13:19   ព័ត៌មាន​ស៊ើប​អង្កេត

​ខេត្តស្វាយរៀង ៖ មន្ត្រីរា​ជការ ធ្វើ​ការ​នៅ​ ច្រក​​ព្រំដែន អន្តរ​ជាតិ បាវិ​ត ម៉ុក​បាយ ជាប់​​​ប្រទេ​ស វៀត​​​ណាម ក្នុង​​ខេ​ត្ត​​ស្វាយ​​រៀង ជា​ពិសេ​ស មន្ត្រីន​គរ​បាល អ​ន្តោប្រវេសន៍ កាលពី​​រសៀ​ល ថ្ងៃទី​០​១ ខែ​តុលា ឆ្នាំ​​២០១៧ បាន​នាំ​គ្នា បញ្ចេ​ញ​​ប្រតិ​កម្ម ដោយ​សរសេរ​លិខិត ប្តឹង​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន  សុំ​ឲ្យ​ចាត់វិធានការ ចំពោះ សកម្មភាព ខុសច្បាប់ របស់លោក ខាត់ សារ៉ាត់ ដែលជា​ប្រធាន ច្រកទ្វារ​អន្តរជាតិ ក្នុងការ​ចាត់តាំង ឲ្យ​ក្មួយបង្កើត ដើរ​ទាម​ទារលុយ ពេញ​កន្លែងធ្វើការ របស់​មន្ត្រីនគរបាល អន្តោប្រវេសន៍​។​

​គណនី​ហ្វេ​ស​ប៊ុ​កមួយ ឈ្មោះ សម្លេង​ប្រជាជន​បាវិត បាន​បង្ហោះ​លិខិត សរសេរ​ដោយ​ដៃ មួយច្បាប់ ចុះ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៧ បាន​លើកឡើងថា ពួកគេ​មិនអាច ទទួលយកបាន នូវ​សកម្មភាព ដ៏​ឆ្គាំឆ្គង របស់លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ខាត់ សារ៉ាត់ ប្រធាន​ច្រកទ្វារ ព្រំដែន អន្តរជាតិ បាវិត ដែល​បាន​ប្រើ ក្មួយប្រុស​បង្កើត ឲ្យ​ដើរ​ទាម​ទារលុយ ពី​មន្ត្រីនគរបាល គ្រប់ផ្នែក កំពុងធ្វើការ នៅ​ទីនោះ​។

​លិខិត​នេះ បាន​រាយការណ៍ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា «​ដោយ​ខ្ញុំបាទ នាង​ខ្ញុំ ជា​មន្ត្រីរាជការ បម្រើការ​នៅ ច្រកទ្វារព្រំដែន អន្តរជាតិ​បាវិត ទាំងអស់ មានការ​កើតទុក្ខ មិន​សុខចិត្ត ចំពោះ​ទង្វើ របស់លោក ខាត់ សារ៉ាត់ ដែលជា ប្រធាន​ច្រកទ្វារ ព្រំដែន​អន្តរជាតិ បាវិត ដែល​បាន​បញ្ជា ឲ្យ​ក្មួយប្រុស​បង្កើត របស់គាត់​ឈ្មោះ ប្រាក់ ពេញ ដែល​នៅ​វ័យក្មេង ទើបតែ​ចូល បម្រើ​ការងារ ជា​មន្ត្រី​អន្តោប្រវេសន៍ មិនទាន់មាន បទពិសោធន៍ ឲ្យ​មក​គ្រប់គ្រង លើ​មន្ត្រី អន្តោប្រវេសន៍ ទាំងអស់ នៅ​ច្រកទ្វារ ព្រំដែន​អន្តរជាតិ បាវិត ដោយមាន អាកប្បកិរិយា ក្អេងក្អាង ជាទីបំផុត​។ ដោយ​ឈ្មោះ ប្រាក់ ពេញ បាន​ដើរ​ទាមទារ ឯកសារ​គ្រប់ផ្នែក មិនថាឡើយ ផ្នែក​បែបបទ ផ្នែក​ច្បាម ឲ្យ​តែ​ការងារ ទាក់ទង​នឹង​លុយ គឺ​គេ​គំរាម​យកលុយ គ្រប់ផ្នែក​ទាំងអស់​»​។​

​នៅ​ចុង​លិខិត ក៏បាន​សំណូមពរ ដល់​ស​ម្តេ​តេ​ជោ ថា «​អាស្រ័យ​ហេតុ ដូច​បាន ជម្រាបជូន​ខាងលើ សូម​សម្តេច​តេ​ជោ និង [​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​] ដែលជា​ឪពុកម្តាយ របស់​ប្រជាជន ទូទាំងប្រទេស ក៏ដូចជា មន្ត្រីរាជការ ទាំងអស់ មេត្តាជួយ អន្តរាគមន៍ និង​ដោះស្រាយ ដល់​ពួកយើង ដោយ​ក្តី​អនុគ្រោះ​»​។ ក្រៅពី​បង្ហោះ​សារ និង​លិខិត សរសេរ​ដោយ​ដៃ គណនី​ហ្វេ​ស​ប៊ុ​ក សម្លេង​ប្រជាជន​បាវិត ក៏មាន​បង្ហោះ ភ្ជាប់​ជាមួយ នូវ​រូប​របស់លោក ប្រាក់ ពេញ ក្នុង​ឯកសណ្ឋាន ជា​មន្ត្រី​នគរបាលជាតិ ពាក់​ស័ក្តិ​៣ យ៉ាង​ក្រអឺតក្រទម​។​

​ក្រុមមន្ត្រី​ក៏បាន លើកឡើង​ផងដែរ​ថា កូនក្មេង​មិនទាន់ បាត់​ហៀរ​សំបោរ  ត្រូវជា​ក្មួយ ប្រុស​បង្កើត របស់លោក ឧ​ត្ត​ម​សេនី​ត្រី ខាត់ សារ៉ាត់ ដែរ​មាន​តួនាទី ជា​នាយប៉ុស្ដិ៍ ច្រកទ្វារព្រំដែន អន្តរជាតិ​បាវិត មានឈ្មោះ ប្រាក់ ពេញ ឋានៈ​អនុសេនីយ៍ឯក បាននិងកំពុង ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ពេញ​ប៉ុស្ដិ៍ ប្រើ​អំណាច ផ្ដាច់ការ របស់​ពូ ដើរ​ប្រមូល​លុយ តាម​គោលដៅ នៅក្នុង​ប៉ុស្ដិ៍ ដោយ​មុខខ្លាញ់​បំផុត ព្រោះ​លោក ខាត់ សារ៉ាត់ បាន​បញ្ជ ឲ្យ​មន្ត្រី​របស់ខ្លួន រកលុយ​ឡើង​ឲ្យ​ខ្លួន ឲ្យ​បាន​តាម ការកំណត់ នៃ​គោលដៅ​នីមួយៗ ដោយមាន​ក្មួយ ឈ្មោះ ប្រាក់ ពេញ ជា​អ្នកដើរ​ប្រមូល គ្មាន​ញញើត ខ្លាច​អ្នកណា​ឡើយ​៕