លោក​​ស្ន​ងកា​ររ​ង ឡា​យ ​ណា​​រិ​ទ្ធ ប្រើ​​អំ​ណា​ច​​ជួយ​រ​ត់​ការ ឲ្យ​​ឈ្មួញ​​ដឹ​ក​ឈើ ទៅ​​វៀត​ណា​ម តាម​​ច្រក​​កំព​ង់​ដរ ក្បាល​ពោ​ធិ៍ ដោ​យ​​រលូ​ន​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 10  ខែOctober ឆ្នាំ2017   ម៉ោង 14:56   ព័ត៌មាន​ស៊ើប​អង្កេត

ខេត្តតាកែវ ៖ ទូក​ធំ​ៗ​ចំ​នួន ២​​គ្រឿង រប​ស់​​វៀត​ណាម បា​ន​មក​ច​ត រួច​ជា​ស្រេច នៅ​​ចំ​ណុច កំព​ង់ដរ ក្បាល​ពោធិ៍ ស្ថិត​ក្នុង​​ស្រុ​ក​​ទ្រាំង ខេត្ត​តា​កែវ ដើ​ម្បី​ទ​ទួល​​ឈើ ពី​ទឹក​ដី​ក​ម្ពុជា ឆ្លងទៅ​​ប្រទេ​ស​​វៀត​ណាម ក្នុង​​វេលា​យប់ ថ្ងៃទី​​១០ ខែ​តុលា ឆ្នាំ​២០១៧ ហើយ​បើតាម ទម្លាប់​ចាស់ រថយន្ត​យី​ឌុប មាន​ឃ្លុប នឹង​ដឹកឈើ​ប្រណីត មកកាន់​កំពង់ដរ​នេះ យ៉ាងយូរ អំឡុង​ម៉ោង ៨​ទៅ​ម៉ោង​៩ យប់ ដើម្បី​ផ្ទេរ​ឈើ ពី​រថយន្ត ដាក់​លើ ទូក​វៀតណាម ប្រើ​រយៈពេល ៤​ទៅ​៥ ម៉ោង រហូតដល់​ម៉ោង ២​ទៅ​ម៉ោង ៣​ទៀបភ្លឺ ទើប​ទូក​ដឹកឈើ​នោះ អាច​បើក​ចេញ ទៅ​ទឹកដី វៀតណាម ដោយ​រលូន​។​

​សកម្មភាព​ដឹកឈើ ចេញ​តាម ច្រក​ក្បាលពោធិ៍ នៃ​ស្រុក​ទ្រាំង ខេត្តតាកែវ មិនសូវមាន​នរណា ហ៊ាន​ប៉ះពាល់​នោះទេ ព្រោះ​គេ​ដឹងថា លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង ខេត្តតាកែវ ទទួលបន្ទុក បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច ត្រូវជា​បង​បង្កើត របស់លោក ឡាយ វណ្ណៈ អភិបាល នៃ​គណៈ​អភិបាល ខេត្តតាកែវ គឺជា​អ្នក​ចេញមុខ​រត់ការ តាមរយៈ​ការ បែងចែក​ប្រាក់ និង​សំណូក ទៅកាន់​សមត្ថកិច្ច អាជ្ញាធរ និង​ជំនាញ ជាច្រើន​ស្ថាប័ន​។ ក្នុងនោះ សូម្បីតែ​ទូក​ធំៗ ២​គ្រឿង មក​ចត​រួចជាស្រេច នៅ​កំពង់ដរ ក្បាលពោធិ៍ ក៏​គេ​ដឹងថា លោក ឡាយ ណា​រិ​ទ្ធ បាន​រត់ការ ដើម្បី​ធានាថា អ្វីៗ​អាច​ដំណើរការ ដោយ​រលូន​។​

​គេ​បាន​បង្ហើប​ថា សព្វថ្ងៃនេះ មាន​ឈ្មួញ​ឈ្មោះ ណុប ឌី នៅ​ខេត្តកំពង់ស្ពឺ ដែល​ធ្លាប់​ត្រូវបាន សមត្ថកិច្ច បង្ក្រាប​ជា​ញឹកញាប់ បានធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ ប្រភេទ​ធ្នង់ ម្រេញ សុ​ក្រំ ចេញពី ខេត្តកំពង់ស្ពឺ យកមក​ទុក នៅ​ឃ្លាំង​មួយកន្លែង ក្នុង​ខេត្តតាកែវ ដើម្បី​នាំចេញ ទៅ​វៀតណាម តាម​ច្រក​ក្បាលពោធិ៍ ដោយមាន លោក​ស្នងការរង ឡាយ ណា​រិ​ទ្ធ ជា​អ្នក​ចេញមុខ រត់ការ ។ សកម្មភាព​ដឹកឈើ របស់​ឈ្មួញ ណុប ឌី ក៏​គេ​លួច​ទម្លាយ​ថា មាន​សមត្ថកិច្ច​មួយរូប ដែលមាន​តួនាទី ជា​អ្នក​បង្ក្រាប បទល្មើស​ព្រៃឈើ និង​ជា​អ្នក រាប់​ក្បាល​ឡាន ដឹកឈើ​យកលុយ បាន​ចូល​ហ៊ុន រកស៊ី​ជាមួយ​ឈ្មោះ ណុប ឌី យ៉ាង​គឃ្លើន​។ យ៉ាងណាក៏ដោយ លោក ឡាយ ណារិទ្ធ មិនទាន់អាច សុំការទាក់ទង ដើម្បីបំភ្លឺ បានទេ៕