​ជិះ​ម៉ូតូ​លឿន បុក​ជាមួយ​ឡាន ស្លាប់​ទាំង ៣​នាក់ មិនទាន់​ស្គាល់ អត្តសញ្ញាណ​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 3  ខែNovember ឆ្នាំ2017   ម៉ោង 12:06   ព័ត៌មានជាតិ

​ខេត្តកំពង់ស្ពឺ ៖ បុរស ៣​​នាក់ បា​ន​​ស្លាប់​​យ៉ាង​​រ​ន្ធត់ ដោយ​សា​រ​ជិះ​​ម៉ូតូ បុក​​ជា​មួយ​​រថ​យន្ត កា​ល​ពី​វេលា​​ម៉ោង ១៨​​និង​​៤៥ នាទី​​យប់ ថ្ងៃទី​​២ ខែ​វិច្ឆិកា ឆ្នាំ​២​០១៧ លើ​ផ្លូវ​​ជាតិ​លេខ​៤ ចន្លោះ​​គីឡូម៉ែ​ត្រ លេខ​​៤០-៤១ ត្រង់​ចំណុ​ច ភូមិ​​រំលោង ឃុំ​​វល្លិ​​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

​មុនពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាកវ៉េវ​អ៊ី ស្លាក​លេខ បាត់ដំបង 1B8368 បើកបរ​ដោយ ឈ្មោះ តឹក នី ភេទ​ប្រុស​អាយុ ៣៨​ឆ្នាំ នៅផ្ទះ​លេខ​៥៩៤ ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល រួម​ដំណើរ​ដោយ មនុស្ស ២​នាក់ មិន​ស្គាល់ឈ្មោះ បាន​បុក​ជាមួយ រថយន្ត ដែល​ធ្វើដំណើរ មកពី​លិច បណ្តាលអោយ​ស្លាប់ ទាំង ៣​នាក់ នៅ​និង​កន្លែង ហើយ​សព ត្រូវបាន​យកទៅ រក្សាទុក នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ​៕