នាយទាហាន ២​រូប បាន​ស្លាប់ ដោយសារ​បើកឡាន បុក​បង្កាន់ដៃស្ពាន បាក់​ខ្ទេច​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 13  ខែNovember ឆ្នាំ2017   ម៉ោង 12:23   ព័ត៌មានជាតិ

​ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ជា​នាយទា​ហា​ន ២​​​នាក់ បាន​​​ស្លាប់ យ៉ាង​​​អា​​ណោច​​អា​​ធ័ម និង​ ​២​​នា​​ក់​ទៀ​ត បា​ន​រងរ​បួស ធ្ងន់​​ស្រាល ដោយ​សារ​​បើក រថយ​ន្ត​បា​​ឡែ​ន ពី​​ខេត្តបន្ទាយ​មាន​ជ័យ តំប​ន់ភ្នំ​ឆ័​​ត្រ ឆ្ពោះ​ទៅ​​ភ្នំ​ពេញ តាម​ផ្លូវ​ជា​តិ​​លេខ​​៥ មក​ដល់​ចំណុច ស្ពាន​ក្រាំង​រំពា​ក់ ភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​បុក​បង្កាន់ដៃស្ពាន បាក់​អស់​មួយ​ចំហៀង ទាំងស្រុង ហើយ​រថយន្ត បាន​ធ្លាក់ទឹក បណ្តាល​ឲ្យ​ស្លាប់ និង​របួសធ្ងន់​ស្រាល កាលពី​វេលា​ម៉ោង ៩​យប់ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​សាក្សី​បាន​ឲ្យ​ដឹងថា អ្នកជិះ​ក្នុង​រថយន្ត ទាំង ៤​នាក់ ដែលជា​ស្ត្រី មាន​ស្លៀកពាក់ ខោអាវ​ទាហាន​ផងដែ ទើប​ត្រលប់​មកពី បំពេញបេសកកម្ម នៅ​មជ្ឈមណ្ឌល ជនពិការ ៣១៧ ភ្នំ​ឆត្រ​។ ជនរងគ្រោះ មានឈ្មោះ ផាន់ ពៅ ឋានៈ​វរសេនីយ៍ទោ នាយរង​អធិការកិច្ច តម្កល់​ធ្វើបុណ្យ ក្នុង​បរិវេណ​វត្ត​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ដោយឡែក សព​លោកស្រី វរសេនីយ៍ទោ ទន់ បុប្ផា នាយរង ផ្នែក​លេខាធិការដ្ឋាន ការិយាល័យ​ទី​២ កងទ័ពជើងគោក តម្កល់​ក្នុង​បរិវេណ វត្ត​នាគ​វ័​ន្ត ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​តាម​ការសន្និដ្ឋាន អ្នកបើកបរ ទំនងជា​ស្រវាំងភ្នែក ដោយ​ភ្លើង​ហ្វា​រថយន្ត មកពី​មុខ មើលផ្លូវ​មិនសូវ​ឃើញច្បាស់ ឬក៏​គេច​ពី​រថយន្ត មកពី​ខាងមុខ ដោយ​ផ្លូវ តូចចង្អៀត​ផង ក៏​បុក​និង​បង្កាន់ដៃស្ពាន ធ្វើ​ពី​ថ្ម​និង​ដែក ប្រវែង​ជាង ១០​ម៉ែត្រ បាក់​ខ្ទេច​ទាំងអស់​៕