ឡាន ៣​គ្រឿង បើក​បុក​គ្នា លាន់​ដូច​រន្ទះ កៀប​ស្លាប់​ម្នាក់ និង​រងរបួស ៥​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 20  ខែNovember ឆ្នាំ2017   ម៉ោង 12:43   ព័ត៌មានជាតិ

ខេត្តតាកែវ ៖ មនុស្ស​​ម្នាក់ បា​ន​ស្លា​ប់​​ភ្លាម​ៗ និង​ប្រុ​ស​ស្រី ៥​​នាក់​​ទៀត បាន​​រងរ​បួស ធ្ងន់​​ស្រាល ដោ​យ​សារ រថ​យន្ត ៣​គ្រឿ​ង​បុ​ក​គ្នា កាល​ពី​វេ​លា ម៉ោង ១០​​និង​​៣០ នាទី​ព្រឹក ថ្ងៃទី​​១៩ ខែវិ​ច្ឆិកា ឆ្នាំ​២០​១៧ នៅ​តា​ម​ប​ណ្តោយ ផ្លូវជាតិ​​លេ​ខ​៣ ចន្លោះ​គីឡូម៉ែត្រ លេខ​៨៧-៨៨ ស្ថិតក្នុង ភូមិ​អង្គ​រនាប ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ មាន​រថយន្ត ១​គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3D-9724 អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេចខ្លួន ក្រោយពេល​កើតហេតុ បើកបរ​មកពី ទិសខាងកើត បាន​បុក​ជាមួយ រថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពត 3A-0636 បើកបរ​ដោយ ឈ្មោះ ដូង ជូ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្រពុំ ឃុំ​ក្រពុំ ស្រុក​ឈូក ខេត្តកំពត បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ និង​អ្នករួមដំណើរ ២​នាក់ ឈ្មោះ អង់ ប៉ោក ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយគ្នា រងរបួស​ធ្ងន់ និង​ឈ្មោះ ថា​ន ធិ ភេទ​ប្រុស អាយុ ១០​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយគ្នា រងរបួស​ធ្ងន់​។​

​បន្ទាប់មក បាន​ប៉ះ​ជាមួយ រថយន្ត ម៉ាក​សាំ​យ៉ុង ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AI1837 បើកបរ​ដោយ ឈ្មោះ សុខ ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្វាយ​ជុំ ឃុំ​ក្រាំង​អំពិល ស្រុក​កំពង់បាយ ខេត្តកំពត រងរបួស​ធ្ងន់ និង​អ្នករួមដំណើរ ២​នាក់​មាន ឈ្មោះ ណុប ចំរុង ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយគ្នា រងរបួស​ស្រាល និង​ឈ្មោះ ស្រី​ពៅ ភេទ​ស្រី អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយគ្នា រងរបួស​ស្រាល ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្តតាកែវ​៕