​ឡើង​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ បុក​គ្នា​មួយ​ទំហឹង ស្លាប់ ២​នាក់ របួសធ្ងន់ ៣​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 25  ខែDecember ឆ្នាំ2017   ម៉ោង 12:33   ព័ត៌មានជាតិ

ខេត្តកណ្តាល ៖ រន្ធត់​ណា​ស់ ម៉ូតូ ២​​គ្រឿង​បុ​ក​គ្នា ប​ណ្ដា​ល​ឲ្យ​ស្លាប់ បុរស​ ២​នា​ក់  និង​របួ​ស​ធ្ងន់ ០៣​​នាក់ ក្នុង​នោះ​ស្រី ០២​​នាក់ និង​ខូ​ចខា​ត​​ម៉ូតូ ធ្ងន់​ចំ​នួន ០២​​គ្រឿង កាលពី​វេ​លា​​ម៉ោង ១​៩​និង​​១៥ នាទី​ ថ្ងៃទី​២​៤ ខែធ្នូ ឆ្នាំ​២​០១៧​ នៅ​​ចំណុចផ្លូវ​លេខ​២១ ស្ថិតក្នុង ភូមិ​ត្រពាំង​ឈូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​សមត្ថកិច្ច នគរបាល បាន​ឲ្យ​ដឹងថា មាន​ម៉ូតូ ម៉ាក​ស្កុប​ពី ព​ណ៍ស ពាក់​ផ្លាកលេខ ភ្នំពេញ ១FT-៣៥៥៤ បើកបរ​ដោយ ឈ្មោះ ទៀង សៀវ​តាំង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​កសិករ  មាន​ទីលំនៅ ភូមិ​កំពង់​ពោធិ៍ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល បាន​ស្លាប់ នៅ​មន្ទីរពេទ្យបង្អែក ស្អាង  រួម​ដំណើរ​ជាមួយ ឈ្មោះ ផុស ភា​រិ​ទ្ធិ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​កម្មករ របួសធ្ងន់ មាន​ទីលំនៅ ភូមិ​ឃុំ​ជាមួយគ្នា បានធ្វើ​ដំណើរ ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង​។​

​លុះ​ពេលមកដល់ ចំណុចកើតហេតុ ម៉ូតូ​ខាងលើ បាន​វ៉ា​រថយន្ត ដែល​បើក ស្រប​ទិស​គ្នា បណ្ដាលអោយ​ជ្រុល ទៅបុក​ម៉ូតូ ដែល​ធ្វើដំណើរ ក្នុងទិសដៅ​បញ្ច្រាស​គ្នា ម៉ាក​អាយ​ខុន សេ​១២៥ ព​ណ៍ស ពាក់​ផ្លាកលេខ កំពត ១C-៥៩៧២ អ្នកបើកបរ ឈ្មោះ សំអាត សុខ​ណាត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​កសិករ ស្នាក់នៅ ភូមិ​ក្បាលជ្រោយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ស្លាប់​នៅ កន្លែងកើតហេតុ រួម​ដំណើរ ដោយ​ឈ្មោះ រុន ឡា​លីន ភេទ​ស្រី អាយុ ១៩​ឆ្នាំ មុខរបរ​កម្មករ របួសធ្ងន់ និង​ឈ្មោះ ធី សៀក​មួយ ភេទ​ស្រី អាយុ ១៨​ឆ្នាំ មុខរបរ​កម្មករ របួសធ្ងន់ មាន​ទីលំនៅ ភូមិ​លេខ​៣ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្ដាល ជាមួយគ្នា​៕