ឡើង​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ទៅបុក​អ្នកជិះ​ម៉ូតូ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 2  ខែJanuary ឆ្នាំ2018   ម៉ោង 11:12   ព័ត៌មានជាតិ

​ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់ បាន​​ស្លាប់​​យ៉ាង អា​ណោ​ចអា​ធ័ម និង​​ម្នាក់​ទៀត បាន​​រង​របួស  ដោយ​សារ​​រថ​យន្ត បើក​​បុក​​ជា​មួយ អ្នក​ជិះ​​ម៉ូតូ កាលពី​​វេ​លា​​ម៉ោ​ង ០៩​​និង​២០ នាទី ថ្ងៃទី​០១ ​ខែ​មករា ឆ្នាំ​២​០១៨ នៅតា​ម​ប​ណ្តោយ ផ្លូវ​ជាតិ​លេ​ខ​៥ ក្នុង​ក្រុមទី​២៩ ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២G. ៦២១២ អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់​គេចខ្លួនបាត់ ធ្វើដំណើរ​ទិសដៅ ពី​ភ្នំពេញ​ទៅ បាត់ដំបង ពេលមកដល់ ចំនុច​ខាងលើ បាន​បុក​ម៉ូតូ ម៉ាក​ស៊ុយ​ស៊ូ​គី​វីវ៉ា ពណ៌​ខ្មៅ សេរី ២០០៦ ពាក់​ស្លាក​លេខ កណ្តាល ១C ២១៦៨ បណ្តាលឱ្យ ស្លាប់​មនុស្ស​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់ ។​

​អ្នកបើកបរ ឈ្មោះ ចាន់ រុំ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ រស់នៅ ភូមិ​ទួល​ព្រំ​១ ឃុំ​កកោះ ស្រុក​មោងឫស្សី បាន​ស្លាប់ នៅ​កន្លែងកើតហេតុ និង​អ្នករួមដំណើរ ឈ្មោះ វេន វុន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ ភូមិ​ទួល​ព្រំ​១ ឃុំ​កកោះ ស្រុក​មោងឫស្សី បាន​រងរបួស​ធ្ងន់​។ គ្រោះថ្នាក់​នេះ កើតឡើង​ដោយសារ រថយន្ត​ឡើង​ជែង រថយន្ត ០១​គ្រឿង​ទៀត ក៏​ជ្រុល​ទៅបុក អ្នកជិះ​ម៉ូតូ ស្លាប់​និង​របួស តែម្តង​៕