ជិះ​ម៉ូតូ​បុក​របាំង​ថ្ម នៅតាម​ផ្លូវ​ចំការ​ដូង ស្លាប់​ម្នាក់ និង​របួស ធ្ងន់​ស្រាល ៣​នាក់​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 3  ខែJanuary ឆ្នាំ2018   ម៉ោង 12:09   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ យុវជ​ន​ម្នា​ក់ បាន​​ស្លាប់​ គួរ​ឲ្យ​​ស​ង្វេគ ដោយ​សារ ជិះ​​ម៉ូតូ​​បុក​រ​បាំង​​ថ្ម នៅ​ក​ណ្តា​ល​ផ្លូវ ហើ​យ​​ម៉ូតូ មួយ​គ្រឿង​​ទៀត ដែល​​បើក​​ពី​ក្រោយ ចាប់​ហ្វ្រាំង​​មិ​ន​តាន់ បាន​​ជ្រុល​​ទៅ​​កិន ប​ណ្តាល​​ឲ្យ ស្លាប់​​និង​របួស កាល​ពី​វេលា​​ម៉ោ​ង ១០យប់ ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ ផ្លូវ​លេខ​២១៧ ក្បែរ​ស្ពាន ព្រែក​ជ្រៃ ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​យុវជន ៤​នាក់ ដែលជា​មិត្តភក្ដិ​នឺង​គ្នា បាន​ជិះ​ម៉ូតូ MSX ចំនួន ២​គ្រឿង គ្មាន​ស្លាក​លេខ បណ្ដើរគ្នា​មុខក្រោយ មកដល់​កន្លែងកើតហេតុ ស្រាប់តែ ម៉ូតូ​មួយគ្រឿង បាន​ទៅបុក​ខឿន​ថ្ម ដែល​គេ​ដាក់ កណ្ដាលផ្លូវ ហើយ​ម៉ូតូ ដែល​មកពី​ក្រោយ ក៏​ទៅបុក​និង​កិន ជនរងគ្រោះ បណ្ដាល​ឲ្យ​យុវជន​ម្នាក់ ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ម្នាក់ទៀត រងរបួស​ស្រាល និង ២​នាក់​ទៀត រងរបួស​ធ្ងន់​។​

​យុវជន​ដែល​ស្លាប់ មានឈ្មោះ ពៅ ភេទ​ប្រុស អាយុ​២០ ឆ្នាំ បើកបរ​ម៉ូតូ​ម៉ាក Zoomer អត់​មាន​ស្លាក​លេខ មានស្រុក​ណើ​ត នៅក្បែរ​ភ្នំ​ជី​សូរ ស្រុក​សំរោង ខេត្តតាកែវ និង ៣​នាក់​ទៀត​មិនទាន់​ស្គាល់ អត្តសញ្ញាណ នៅឡើយ​។ ប្រជាពលរដ្ឋ បាន​រិះគន់ ក្រុម​អ្នកម៉ៅការ​ធ្វើ​ផ្លូវ ដែល​ដាក់​ថ្ម កណ្ដាលផ្លូវ ដោយ​គ្មាន​ដាក់​សញ្ញា​សំគាល់​ឬ ភ្លើង​បំភ្លឺ ដោយ​មិន​ខ្វល់ ពី​សុវត្ថិភាព ប្រជាពលរដ្ឋ​នោះឡើយ​៕