លោកគ្រូ​ម្នាក់ ជិះ​ម៉ូតូ​ដឹក​កូន ទៅ​សាលារៀន ត្រូវ​ឡាន ២៤​កៅអី កិន​ស្លាប់​ទាំង​ព្រឹក​
ចេញ​ផ្សាយ​ដោយ បុប្ផា រុះរោយ   ថ្ងៃទី 11  ខែJanuary ឆ្នាំ2018   ម៉ោង 13:30   ព័ត៌មានជាតិ

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់ ត្រូវ​រ​ថយ​ន្ត​កិ​ន​​ស្លាប់ ពេល​​ជិះ​ម៉ូ​តូ​​ដឹក​​កូន ទៅ​​សា​លា​រៀន បង្ក​​ការ​ភ្ញា​ក់​ផ្អើល កាល​ពី​ព្រឹ​ក ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១​៨ នៅ​តា​ម​ប​ណ្ដោយ ផ្លូវ​ព្រះ​ស៊ីសុ​វត្ថិ ក្បែរ​រ​បង​ម​ន្ទីរ​ពេទ្យ ព្រះ​ក​​តុ​​មាលា ស្ថិត​ក្នុង ស​ង្កាត់​​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ហើយ​ភ្លាមៗ​នោះ តៃកុង​រថយន្ត​បង្ក បានដាក់​មេ​ប្រូច បាត់ស្រមោល​។​

​ជនរងគ្រោះ​ឈ្មោះ ខឹម ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ មុខរបរ សាស្ត្រាចារ្យ ស្នាក់នៅ​ភូមិ​ព្រែក​បង្កង ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 1GB 4994 ឌុប​កូន​ទៅ​រៀន នៅ​សាលាបឋមសិក្សា ចតុមុខ តាមផ្លូវ​ព្រះស៊ីសុវត្ថិ​ទិសដៅ​ពី​លិចទៅ​កើត  ស្រាប់​តែមាន រថយន្ត ២​គ្រឿង បើក​ប្រជែង​គ្នា ហើយ​រថយន្ត​ទេសចរណ៍ ២៤​កៅអី ពណ៌​ខៀវ លាយ​ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 3D 9578 បើកបរ​តាមផ្លូវ​ព្រះស៊ីសុវត្ថិ ស្រប​ទិស​ជាមួយ ម៉ូតូ​រងគ្រោះ បាន​ប៉ះ​ដៃចង្កូត​ម៉ូតូ បណ្ដាល​ឲ្យ ដួល​បោក​ក្បាល​របូត​មួកសុវត្ថិភាព​ពី​ក្បាល រួច​រថយន្ត​កិន​ពីលើ រងរបួស​ធ្ងន់​។​

​ភ្លាមៗ​នោះ ជនរងគ្រោះ ត្រូវបាន​បញ្ជូន ទៅ​មន្ទីរពេទ្យ ព្រះ​កេតុមាលា តែ​ជា​អកុសល​ជនរងគ្រោះ បាន​ស្លាប់ បាត់បង់​ជីវិត ទៅហើយ ចំណែក អ្នកបើកបរ​រថយន្ត បាន​ចុះ​ពី​រថយន្ត​រត់គេចខ្លួន បាត់ស្រមោល បន្សល់ទុក តែ​រថយន្ត​បង្ក នៅ​កន្លែងកើតហេតុ​។ ក្រោយពេល​កើតហេតុ សព​ត្រូវបាន​សមត្ថកិច្ច ប្រគល់​ឲ្យ​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត​បង្ក និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន នគរបាល រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ ដោះស្រាយ តាម​នីតិវិធី​៕